ព័ត៌មានជាតិ

ព្រះគ្រូចៅអធិការ វត្តទួលតាកែវ ត្រូវបានប្រគេន ប្រកាសឡើងជាព្រះគ្រូ សាសនធម្មធារ៍ នៃគណៈមហានិកាយ

ស្វាយរៀង ៖ លោកចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងការកិច្ច និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានធ្វើពិធីប្រគេន ប្រកាសនីយប័ត្រ គណសង្ឃពុទ្ធសាសនា ប្រគេន ព្រះតេជគុណ ង៉ែត ប៊ុនធឿន ព្រះចៅអធិការ វត្តទួលតាកែវ ឡើងជា ព្រះគ្រូ សាសនធម្មធារ៍ នៃគណៈមហានិកាយ ។

ពិធីមានការចូលរួមពីលោកអភិបាលរងស្រុករំដួល លោក ប្រធានក្រុមប្រឹក្សាឃុំពងទឹក និង សមាជិក សមាជិកាក្រុមការងារ ជាច្រើនរូបផងដែរ។

លោកចាន់ កុលបុត្រ បានថ្លែងថា កត្តាសុខសន្តិភាព គឺជាឱកាស ធ្វើឲ្យកម្ពុជា ទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី វិស័យអាណាចក្រ និង វិស័យពុទ្ធចក្រ បានរីកចម្រើន ឥតឈប់ឈរ ដូច្នេះយើងត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព ឱ្យគង់វង្សជានិរន្ត ដើម្បីមានឱកាសក្នុងការ អភិវឌ្ឍប្រទេសឲ្យមានការ រីកចម្រើនជាបន្តបន្ទាប់ទៀត ។

លោកបានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ របស់ គណៈសង្ឃនាយក និង ក្រុមការងារគណបក្ស បានធ្វើការត្រួតពិនិត្យ និង វាយតម្លៃស្នាដៃ របស់ព្រះតេជគុណ ង៉ែត ប៊ុនធឿន មានស្នាដៃល្អ ក្នុងការគ្រប់គ្រងវត្ត និង សិស្សគណ បានរីកចម្រើន ហើយដើម្បីជាការលើកទឹកព្រះទ័យ ហើយឱ្យ ព្រះតេជគុណបន្តស្នាដៃបន្ថែមទៀតក្នុង ការអភិវឌ្ឍព្រះពុទ្ធសាសនា និង ជាម្លប់សម្រាប់ពទ្ធបរិស័ទចំណុះជើងវត្ត ទើបថ្ងៃនេះព្រះគ្រូ ត្រូវបានប្រគេនប្រកាសឡើង ជា ព្រះគ្រូ សាសនធម្មធារ៍ នៃគណៈមហានិកាយផងដែរ៕

To Top