ព័ត៌មានជាតិ

ប្រធានអង្គការ NATO ណែនាំអំពីការបញ្ជូន អាវុធធុនធ្ងន់បន្ថែមទៀត ទៅកាន់អ៊ុយក្រែន

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសាទរចំពោះការសន្យានាពេលថ្មីៗនេះ នៃការបញ្ជូនអាវុធធុនធ្ងន់ពី សម្ព័ន្ធមិត្តលោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងថា លោករំពឹងថានឹងមានបន្ថែមទៀត “នាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។

ប្រមុខនៃសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ពី រលកនៃការវាយប្រហាររបស់រុស្ស៊ី នៅទូទាំងអ៊ុយក្រែនម្តងទៀត បានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយបានបណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់ ៣០ នាក់ស្លាប់ បន្ទាប់ពីអគារលំនៅដ្ឋានមួយ ត្រូវបានវាយប្រហារនៅទីក្រុង Dnipro ភាគខាងកើតអ៊ុយក្រែន។

លោក Stoltenberg បានប្រាប់កាសែត Handelsblatt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ថា “ការសន្យានាពេលថ្មីៗនេះ សម្រាប់ឧបករណ៍សង្គ្រាមធុនធ្ងន់ គឺមានសារៈសំខាន់ ហើយខ្ញុំរំពឹងថា នឹងមានច្រើនទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ” នេះ​បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

មុនពេលកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្ររបស់ មន្ត្រីការពារជាតិមកពីប្លុក ដែលមានបំណងសម្របសម្រួល ការផ្ទេរអាវុធទៅកាន់ទីក្រុងគៀវ ។ អ្វីដែលអង្គការណាតូ សំដៅទៅលើក្រុមទំនាក់ទំនង ការពារជាតិអ៊ុយក្រែន គ្រោងនឹងរៀបចំកិច្ចប្រជុំលើកទីបី របស់ខ្លួននៅឯមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិកក្នុងរដ្ឋ Rhineland និងPalatinate របស់អាល្លឺម៉ង់នៅថ្ងៃសុក្រ។

នៅពេលសួរថា តើអាល្លឺម៉ង់ក៏ត្រូវតែផ្លាស់ប្តូរ ដើម្បីផ្តល់អាវុធធុនធ្ងន់ដល់ អ៊ុយក្រែនដែរឬអត់នោះ លោក Stoltenberg បានលើកឡើងថា “យើងកំពុងស្ថិតក្នុងដំណាក់កាល សម្រេចចិត្តនៃសង្រ្គាម។ យើង​កំពុង​ជួប​ប្រទះ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង។ ដូច្នេះ វា​ជា​រឿង​សំខាន់​ដែល​យើង​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន​ដែល​វា​ត្រូវ​ការ​ដើម្បី​ឈ្នះ​ ហើយ​បន្ត​ជា​ប្រទេស​ឯករាជ្យ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top