ព័ត៌មានជាតិ

កម្ពុជា-ម៉ាល់ឌីវ នឹងក្លាយជាកញ្ចប់ទេសចរណ៍រួម អាចប្រើVisaមួយ សម្រាប់គោលដៅពីរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា នាពេលខាងមុខ កម្ពុជា-ម៉ាល់ឌីវ នឹងក្លាយទៅជាកញ្ចប់ទេសចរណ៍រួម ហើយភ្ញៀវទេសចរអាចប្រើប្រាស់Visaមួយ សម្រាប់គោលដៅទេសចរណ៍ពីររវាង កម្ពុជា-ម៉ាល់ឌីវ។

សម្ដេច បន្ដថា បញ្ហាខាងលើនេះ កម្ពុជា-ម៉ាល់ឌីវ នឹងធ្វើការសិក្សាជាបន្ដទៀត ដើម្បីជំរុញភ្ញៀវទេសចរទៅវិញ ទៅមក។

ឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមពីវិមាន ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តំបន់ទេសចរនៅម៉ាល់ឌីវ គឺជាតំបន់ទេសចរមួយដ៏អស្ចារ្យក្នុងមហាសាគរ របស់មហាសមុទ្រឥណ្ឌា ដោយមានមជ្ឈមណ្ឌលទេសចរគួរឱ្យទាក់ទាញបំផុត។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ គិតថា គឺជាទីកន្លែងដ៏ទាក់ទាញមួយ ហើយយើងក៏មានការកោតសរសើរជាមួយនឹងការកសាងនៅតំបន់មហាសាគរនេះ ឱ្យក្លាយជាចំណុចទាក់ទាញ»

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា នាពេលខាងមុខ ភ្ញៀវទេសចរអាចមុជទឹក លំហែរកាយមាត់សមុទ្រ នៅម៉ាល់ឌីវ រួចហើយ បន្ដដំណើរមកកាន់កម្ពុជា ដើម្បីទស្សនាប្រាង្គប្រាសាទនានា ឬក៏ទស្សនាប្រាង្គប្រាសាទ រួចហើយ បន្ដដំណើរមកកាន់ម៉ាល់ឌីវ វិញ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «ខ្ញុំ ជាមួយឯកឧត្តម ប្រធានាធិបតីម៉ាល់ឌីវ បានផ្ដោតសំខាន់ទៅលើការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការទៅលើវិស័យទេសចរណ៍ មិនគ្រាន់តែប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវ ហើយប្រជាជនម៉ាល់ឌីវ មកកាន់កម្ពុជាប៉ុណ្ណោះទេ។ ក៏ប៉ុន្ដែ ផ្ដោតការយកចិត្តទុកដាក់ទៅលើអ្នកទស្សនកិច្ចនៅកម្ពុជា ទៅលើប្រាង្គប្រាសាទនានា ក៏ប៉ុន្ដែបន្ទាប់ទៅ គេអាចមកកាន់ម៉ាល់ឌីវ គឺដើម្បីមុជទឹក លំហែរកាយនៅមាត់សមុទ្រ ឬុមកដល់ម៉ាល់ឌីវហើយ ចង់ទៅមើលប្រាង្គប្រាសាទ គេអាចធ្វើដំណើរទៅទីនោះ។ ដូច្នេះយើងក្លាយទៅជាកញ្ចប់ទេសចរណ៍រួម ហើយអាចប្រើប្រាស់ visa មួយ គោលដៅពីរ ដែលយើងនឹងធ្វើការសិក្សាអំពីបញ្ហានេះ ជាបន្ដទៀត»

ឆ្លៀតឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានណែនាំរដ្ឋមន្ដ្រីការបរទេស កម្ពុជា-ម៉ាល់ឌីវ ត្រូវពង្រីកវិសាលភាព នៃវិស័យវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕

To Top