ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា នៅប្រទេសកម្ពុជា មានគណបក្ស នយោបាយជិត៥០ ដូច្នេះបើ ទោះបីជាគណបក្សភ្លើងទៀន មិនចូលរួមការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ យ៉ាងណាក៏ដោយ ក៏ដំណើរការ នៃការប្រព្រឹត្តទៅ នឹងធ្វើតាមការគ្រោងទុក ។
សូមរំលឹកថា កាលពីថ្ងៃទី១៦មករា គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា គណបក្សនឹងពិចារណាឡើងវិញ អំពីលទ្ធភាព នៃ ការចូលរួម ក្នុងការបោះឆ្នោតជាតិ នាពេលខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែង នៅតែបន្តកើតមានធ្ងន់ធ្ងរ មកលើគណបក្ស ភ្លើងទៀន ។ ប៉ុន្មានម៉ោងក្រោយពីចេញ សេចក្ដីថ្លែងការណ៍ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនក្រោយបញ្ចួន ទៅតុលាការ ក្រោមបទចោទ «ចេញសែកស្អុយ»។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន ដើមអម្ពិល លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា«កម្ពុជាមានគណបក្ស នយោបាយជិត៥០ ទោះបីអត់មានគណបក្សភ្លើងទៀននឹងមួយ ក៏នៅតែបន្តដំណើរការបានជាធម្មតា»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យក ថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ សម្រាប់នីតិកាលទី៧៕