ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែលសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ ជាមួយនិងការសំណេះសំណាល ជាមួយកម្មករ ដែលបំរើការងារក្នុងការដ្ឋាននេះ ចំនួន១២០០នាក់ នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣ខាងមុខ ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានណែនាំអោយលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បើកសួនច្បារទ្រូងមហាវិថឺឈ្នះឈ្នះ មុខមន្ទីរពេទ្យនោះទំហំ១២០ម៉ែត្រ និងដាក់លូខ្នាតធំអមសងខាង អគារមន្ទីរពេទ្យ ភ្ជាប់ទៅប្រឡាយ៧០ម៉ែត្រ ក្រោយអគារ ដើម្បីបើកផ្លូវចូលមន្ទីរពេទ្យ និងដើម្បីរំដោះទឹកចេញ ពីបរិវេនមន្ទីរពេទ្យនេះ។
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧៤៨០ ម៉ែត្រការ៉េ អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ ។ អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) មានចំនួន ៩៤៩៦គ្រែ ,គ្រែបុគ្គលិកពេទ្យ ប្រចាំការចំនួន៤៦គ្រែ គ្រែបុគ្គលិកស្នាក់នៅ ចំនួន២០៦គ្រែ
ជាមួយនិងអគារបច្ចេកទេស (T) មណ្ឌលនេះ មានចំណតរថយន្ត (P) មានផ្ទៃក្រឡា ៧០២៦ ម៉ែត្រការ៉េ ចតរថយន្តបានចំនួន( ២១០គ្រឿង) ។សួនច្បារ (G3) មានសួនបៃតង ៤៤៩០ ម៉ែត្រការ៉េ ។ អគារផ្គត់ផ្គង់ និងពត៌មាន (A) មានទំហំ ២៨៣៥ ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានតែសរុបចំនួន ២៣៤គ្រែ ។សម្រាប់អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1,T2 ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពី រសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយមានឈ្មោះថា «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិ ធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដា»៕