ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
យោងតាមសេចក្តីណែនាំក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ មករា លោក ម៉ម ប៊ុនហេង បានសង្កេតឃើញថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានកា ទិញទំនិញ និងការចរាចរនូវបសុបក្សីជាច្រើន ដែលអាចមានហានិភ័យ នៃការចម្លងនូវខុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទនោះ នឹងអាចមានការជួបជុំពិសាអាហារជុំ គ្នាច្រើន ឬក្នុងទ្រង់ទ្រាយធំ ម្យ៉ាងវិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ បុពុលស្រា ស ក៏តែងតែសង្កេតឃើញកើត មានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួន ក្នុងប្រទេសផងដែរ។ ដូច្នេះ ចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារ នៅគ្រប់កាលៈទេសៈ។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវ និងធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាព ពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មីៗ ជំងឺផ្ដាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាព បណ្ដាលមកពីការពុលចំណីអាហារ ឬ ពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ជាពិសេសពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ»។
លោករដ្ឋមន្ដ្រី បានឱ្យដឹងថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ រីឯស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗដូចជា XBB ឬ XBB.1.5 នៅតែបន្តមាននៅឡើយ នៅលើសាកលលោក និងនៅក្នុងតំបន់ ធ្វើឱ្យមានកំណើនជាបន្តបន្ទាប់ នូវអ្នកឈឺ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសមួយចំនួន។
លោក បន្ថែមថា ហើយក៏អាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩ បម្លែងថ្មីៗ ពីប្រទេសមួយទៅប្រទេសមួយ ដែលគួរឱ្យមានការព្រួយបារម្ភ លើលទ្ធភាពអាចនឹងមានការផ្ទុះឡើងវិញ នូវការរាតត្បាតក្នុងសហ គមន៍ ប្រសិនបើភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ មានការថមថយចុះខ្លាំង ព្រមទាំងខ្វះការប្រុងប្រយ័ត្ន ដែលតម្រូវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួន ឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដួសទី៣ ទី៤ ទី៥ ទី៦ និងដូសបន្តបន្ទាប់) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់៕





