ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ ៨គ្រួសារ រស់នៅជាប់នឹងសណ្តរ ស្ទឹងព្រែកត្នោត បានទទួលអំណោយសម្តេចទាំងទ្វេ ក្រោយផ្ទះពួកគាត់ បានបាក់ចូលទឹកស្ទឹងអស់

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន០៥ខ្នង ស្មើនិង៨គ្រួសារ នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០២៣នេះ ត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកលី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាយកទៅប្រគល់ជូន ដើម្បីដោះស្រាយការលំបាក ខណៈផ្ទះរបស់ពួកគាត់បានលិចចូលក្នុងទឹកស្ទឹង ដោយការស្រុតដី កាលពីប៉ុន្មានម៉ោងមុន។
ផ្ទះចំនួន០៥ខ្នងនេះមានប្រជាពលរដ្ឋរស់នៅទាំងម្ចាស់ផ្ទះពិត និងផ្ទះជួលចំនួន៨គ្រួសារ ហើយក្នុងចំនួន៨គ្រួសានេះ មួយគ្រួសារទទួលបានអង្ករ ១បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ ខ្នើយ តង់ កន្ទេល សម្ភារៈផ្ទះបាយមួយឈុតនិងថវិកាចំនួន៥០ម៉ឺនរៀល ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោលគឺខណៈទទួលបាន ព័ត៌មានថា មានប្រជាពលរដ្ឋរងគ្រោះដោយផ្ទះរបស់ពួកគាត់បាក់ចូលទឹកក្នុងស្ទឹងនោះ លោកឃួង ស្រេង ក៏បានចុះមកសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្តេចទាំងទ្វេមកប្រគល់ជូនភ្លាមៗតែម្តង ។

ប្រជាពលរដ្ឋទាំង៥ខ្នងផ្ទះនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឃួង ស្រេង ពិសេសសម្តេចទាំងទ្វេ ដែលបានប្រគល់អំណោយជូនពួកគាត់បានទាន់ពេលវេលា ។ ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតតទៅ។

គួរបញ្ជាក់ថា៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៨ មករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងស្មើនឹង៨គ្រួសារ បានលិចចូលក្នុងស្ទឹងព្រែកត្នោត ដោយការបាក់ស្រុតដី នៅច្រាំងស្ទឹង ហើយអ្វីដែលសំខាន់ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និងសម្ភារៈចំបាច់ បានទាន់ពេលនោះទេ ពោលគឺសម្ភារៈ និងរបស់របរ នៅជាប់ក្នុងផ្ទះ ត្រូវលិចចូលទៅក្នុងស្ទឹងបាត់ទាំងអស់ ។

ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង៥ខ្នងនេះ ទី១ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ បានបាត់លុយចំនួន ២០០០ដុល្លារ ផ្លាកទីន ១ដំឡឹង ប្លង់ដី ២ប័ណ្ណ និងសំភារៈប្រើប្រាស់ផ្សេងៗ ។ ២.ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ បាត់លុយចំនួន ១០០០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ ទី៣.ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មានសមាជិក ០៣នាក់ ស្រី ០២នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្របាត់លុយចំនួន ១៥០០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ទី៤.ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មានសមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១៥ម៉ែត្រ បាត់លុយចំនួន ១៥០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ទី៥.ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មានសមាជិក ០៦នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ៩ម៉ែត្រ ។ចំណែក៣គ្រួសារទៀតជាគ្រួសារជួលផ្ទះខាងលើស្នាក់នៅ៕

To Top