ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់UN ថាការជួញដូរមនស្ស ជាបញ្ហាស្មុគស្មាញ មិនមែនមានតែនៅកម្ពុជានោះទេ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់មន្ដ្រីអង្គការសហប្រជាជាតិ (UN) ថា បញ្ហាជួញដូរមនុស្ស គឺជាបញ្ហាដែលស្មុគស្មាញ ហើយមិនមែនមានតែនៅកម្ពុជានោះទេ គឺមាននៅលើសកលលោក ដូច្នេះរួមគ្នាដោះស្រាយផងដែរ។

នាឱកាសអនុញ្ញាតជូនលោក Joseph Scheuer អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ពាក់ព័ន្ធទៅនឹងបទល្មើស ជួញដូរមនុស្សនេះ ជាបទល្មើសមិនប្រពៃណីមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចផ្ទាល់ ត្រូវទទួលភារកិច្ចដឹកនាំការងារនេះ និងនៅតែបន្តយកចិត្តទុកដាក់អនុវត្តការងារនេះ ព្រោះពុំទាន់មានការបិទបញ្ចប់នោះទេ គឺនៅតែបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។

សម្ដេច បញ្ជាក់ទៀតថា «បញ្ហានេះជាបញ្ហាមួយដែលស្មុគស្មាញ ហើយមិនមែនតែមាននៅកម្ពុជានោះទេ គឺនៅលើសកលលោកទាំងមូល និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ»។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្នភាព នៃបទល្មើសគ្រឿងញៀននៅកម្ពុជា និងក៏បានជម្រាបជូន អំពីការដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការបទល្មើសគ្រឿងញៀន ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលក្នុងរយៈពេលមួយយូរអង្វែង នៅក្នុងបេសកកម្ម នៃការប្រយុទ្ធប្រឆាំងនឹងបង្ក្រាប ក៏ដូចជាបង្ការបទល្មើសគ្រឿងញៀន។

ជាការឆ្លើយតប លោក Joseph Scheuer ក៏បានដឹងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងជាយុទ្ធនា ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងអំពើជួញដូរមនុស្ស ខណៈនៅក្រោមឆត្ររបស់អង្គការប្រជាជាតិ ក៏មានអង្គការ IOM និងអង្គការ UNDP បានធ្វើការងារនេះជាមួយ នឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ៕

To Top