ភ្នំពេញ ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងប្រុងប្រយ័ត្ន អំពីគ្រោះអគ្គិភ័យ នាឱកាសបុណ្យនេះ។
នាឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នៅសង្កាត់គោករកា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នាព្រោះគ្រោះថ្នាក់មើលមិនឃើញនោះទេ។
សម្ដេចតេជោបញ្ជាក់ថា «កង្វល់ពិតប្រាកដ ប្រហែលជាមិនមែនកូវីដទេ កូវីដនៅតែជាកង្វល់ដែលអាច នឹងមានការឆ្លង ប៉ុន្ដែវាតិចតួចទេ កង្វល់ពិតប្រាកដដែលខ្ញុំ កំពុងតែខ្វល់នាពេលនេះ សម្រាប់ពេលបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ទីមួយគ្រោះថ្នាក់ចរាចរណ៍ ។ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំឱ្យពេលចូលឆ្នាំនេះក្លាយជាបុណ្យខ្មោច»។
សម្ដេចតេជោក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរជាប់ខ្សែចិនសូមឱ្យសប្បាយរីករាយ ប៉ុន្ដែធ្វើយ៉ាងណាកុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍។ សម្ដេចបន្ដថា ប្រជាពលរដ្ឋ ក៏ត្រូវប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យផងដែរ។
សម្ដេចតេជោ បញ្ជាក់ទៀតថា «សូមប្រយ័ត្នប្រយែងរឿងអគ្គិភ័យ ដោយសាររឿងសែន ដុតធុប ដើម្បីសែន ដូនតានោះ នាំឱ្យពិបាកដល់អ្នកជិតខាង និងកម្លាំងនគរបាល»៕