នយោបាយ

គណបក្សប្រជាជនកម្ពុជា ច្រានចោល ការចោទប្រកាន់ ទាំងបំពាន របស់គណបក្សភ្លើងទៀន

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញកម្ពុជា និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យប្រជាជនទូទៅ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ។

ការលើកឡើងរបស់ គណបក្សប្រជាជនកម្ពុជា បែបនេះបន្ទាប់ពី គណបក្សភ្លើងទៀត បានចេញសេចក្ដីថ្លែងការណ៍ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៩ មករា នេះ បាន​ឱ្យ​ដឹង​ថា «ក្នុងនាមជាគណបក្ស កាន់អំណាច ដោយស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស គណបក្សប្រជាជនកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់ជាធរមាន ដើម្បីគ្រប់គ្រងដឹកនាំប្រទេស ដែលធ្វើឲ្យប្រជាជនទូទៅ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសុខសន្តិភាព សុវត្ថិភាព និងទទួលបានមនុញ្ញផលគ្រប់គ្នា ពីការរីកចម្រើនរបស់ប្រទេសជាតិ»។

លើសពីនេះ គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា នឹងធ្វើអ្វីៗទាំងអស់ តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ។

ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងរាល់ចំណាត់ការ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ចំពោះគ្រប់បុគ្គល បានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេស នៅក្នុងពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។

គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយបណ្តា គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីពង្រឹងបរិយាកាស នយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឲ្យការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិ ទាំងអស់រួបរួមសាមគ្គីគ្នា ជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិ៕

To Top