គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃពុធបានតែងតាំងលោក Igor Klymenko ប្រធានប៉ូលិសជាតិជារដ្ឋមន្ត្រីមហាផ្ទៃស្តីទី។
ការតែងតាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការស្លាប់របស់រដ្ឋមន្ត្រីមហាផ្ទៃលោក Denys Monastyrsky ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីព្រឹកមិញថ្ងៃម្សិលមិញនេះ នៅជិតទីក្រុងគៀវ។
ឧទ្ធម្ភាគចក្រធុន EC 225 Super Puma បានធ្លាក់កាលពីព្រឹកថ្ងៃពុធ នៅជិតសាលាមត្តេយ្យមួយក្នុងសង្កាត់ Brovary ដែលជាទីប្រជុំជនមួយនៅជាយក្រុងគៀវ បណ្តាលឱ្យមានអគ្គីភ័យលើផ្ទៃដី ៥០០ម៉ែត្រការ៉េ។
ការធ្លាក់នេះបានសម្លាប់មនុស្សទាំងប្រាំបួននាក់នៅលើឧទ្ធម្ភាគចក្រ រួមទាំងលោក Monastyrsky អនុប្រធានរបស់លោក Yevhen Yenin និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក Yuriy Lubkovych ។
ទិន្នន័យចុងក្រោយបំផុតពីសេវារដ្ឋសម្រាប់គ្រាអាសន្នបានបង្ហាញថាមនុស្ស ១៤នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការធ្លាក់យន្តហោះនេះ។ មុននេះ មន្ត្រីបានផ្តល់ចំនួនអ្នកស្លាប់ដំបូងចំនួន ១៨នាក់។
លោក Shmyhal បានលើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីស៊ើបអង្កេតការធ្លាក់យន្តហោះនេះ៕ឈូក បូរ៉ា