ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញផ្សព្វផ្សាយការងារ គ្រប់គ្រងហត្ថពលកម្មបរទេស នៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រង ហត្ថពលកម្មបរទេស នៅព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា ផែនការអនុវត្តរបស់គណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ច សហត្ថពលកម្មបរទេស បានកសាងឡើងក្នុងគោលបំណង ពង្រឹងការអនុវត្តច្បាប់ ស្តីពីការងារ និងច្បាប់ ស្តីពីអន្តោប្រវេសន៍ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយផ្តោតសំខាន់លើការងារ អធិការកិច្ចហត្ថពលកម្មបរទេស ព្រមទាំងលើកកម្ពស់ប្រសិទ្ធិភាព ការងារគ្រប់គ្រងជនបរទេស ដែលកំពុងស្នាក់នៅប្រកបមុខរបរ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្សព្វផ្សាយអំពីគោលការណ៍ វិធានការពាក់ព័ន្ធការងារអធិការកិច្ច ហត្ថពលកម្មបរទេសដល់ម្ចាស់ ឬនិយោជកសហគ្រាស គ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលករបរទេស ឱ្យបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា។

ជាងនេះទៅទៀត ក្នុងន័យនេះ គឺសំដៅកាត់បន្ថយជាអតិបរិមា និងឈានទៅរកការលុបបំបាត់ នូវរាល់ការប្រើប្រាស់ហត្ថពលករបរទេសមិនស្របច្បាប់ តាមគោលដៅ ឬទីតាំងអាជីវកម្មនានា តែមិនបានធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់មជ្ឈដ្ឋាន ជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបមុខរបរ និងធ្វើការស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

លើសពីនេះ ផែនការសកម្មភាពនេះ ក៏មានគោលបំណងចូលរួមចំណែក ក្នុងការគាំទ្រ ដល់ផែនការប្រតិបត្តិការបង្កើន ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរ មនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសង ខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើស សម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត សំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គម៕

To Top