ព័ត៌មានជាតិ

សមាគម៣ ប្រកាសដាក់ចេញក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យអនុវត្តពេញលេញ

ភ្នំពេញ ៖ ថ្មីៗនេះ ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញ ចំពោះសមាជិក សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បន្ទាប់ពីក្រមនេះត្រូវបានប្រកាស ដាក់ឱ្យអនុវត្តបណ្តោះអាសន្ន កាលពីខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងអង្គសិក្ខាសាលាតម្រង់ទិស និងការពង្រឹងការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា «ខ្ញុំសូមប្រកាសថា ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ត្រូវបានដាក់ឱ្យអនុវត្តពេញលេញ ចាប់ពីខែមករាឆ្នាំ ២០២៣នេះតទៅ ចំពោះសមាជិកសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងអនុវត្តក្រមនេះ ហើយបានដាក់ក្រមនេះ ចូលទៅក្នុងគោលនយោបាយផ្ទៃក្នុង និងនិតីវិធីផ្ទៃក្នុងមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ដែរថា បន្ទាប់ពីក្រមប្រតិបត្តិ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បង ជិតមួយឆ្នាំមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រម តាមរយៈសិក្ខាសាលាថ្នាក់តំបន់ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ស្តីពីការពង្រឹងសមត្ថភាព គ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានកោតសសើរដល់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំ និងអនុវត្តក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ដែលជាសមិទ្ធផលសំខាន់ សម្រាប់រក្សាស្ថិរភាពប្រព័ន្ធធនាគារ និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន។ គ្រឹះស្ថានជាសមាជិក ដែលបានខិតខំអនុវត្ត តាមគោលការណ៍នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាន ក៏ជាកត្តាចាំបាច់មួយទៀត ដើម្បីរួមគ្នារក្សាបាននូវការផ្តល់ នៃក្រមប្រតិបត្តិសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

លោក គិត សុវណ្ណារិទ្ធ បន្ថែមថា ការរក្សាបាននូវស្ថិរភាព និងចីរភាពនៃការអភិវឌ្ឍវិស័យ ធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា ការពង្រឹងការអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួម អនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួម ពីធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារឯកជន។

សូមបញ្ជាក់ថា ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ត្រូវបានផ្តួចផ្តើម និងដាក់ឱ្យអនុវត្តស្របទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដើម្បីធានាពីការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុមាននិរន្ទរភាព ភាពធន់ លើកកម្ពស់និងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើង នូវក្រមសីលធម៌ និងវីជ្ជាជីវៈសម្រាប់គ្រឹះស្ថាធនាគារ និងហិរញ្ញវត្ថុ៕

To Top