ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មី ល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ។
ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយលោក អូលីវីយេ បេស (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង នាថ្ងៃទី២៥ មករានេះ ។
ក្នុងជំនួបប្រជុំនោះ លោក អូលីវីយេ បានជម្រាបជូនសម្ដេចតេជោថា ប្រតិភូទាំងអស់គ្នា មានជំនឿលើការវិនិយោគនៅកម្ពុជា យ៉ាងខ្លាំង ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបានបំបែកឯកតកម្ម លើការជំរុញកំណើនសេដ្ឋកិច្ច រយៈពេល២០ឆ្នាំ ។
លោកថា កម្ពុជាបន្តធ្វើកំណែទម្រង់ បង្កបរិយាកាសអំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជា និងកម្ពុជា កំពុងមានអ្នកមានចំណូលមធ្យមច្រើន ក្នុងន័យនេះប្រតិភូបារាំង សម្រេចធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យ រថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹកគោកអាកាស សំណង់ ថាមពល និងវិស័យដទៃទៀតនិងសុំស្វែងយល់ ពីសម្ដេចតេជោ អំពីវិស័យវិនិយោគ ជាអាទិភាពរបស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ និងបានជម្រាបជូន ប្រតិភូវិនិយោគបារាំងទាំងមូលថា «កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការ វិនិយោគពីវិស័យឯករីជនតាមរយៈ មករោង B.O.T» ។
ពាក់ព័ន្ធនឹងថាមពលស្អាត សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាត ប្រមាណ ៦២% ហើយកំពុងតែទាក់ទាញ វិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុម័ត ឲ្យបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្ម ថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពី វិស័យវិនិយោគជាអាទិភាពរបស់កម្ពុជាផងដែរ នោះគឺការជំរុញ នយោបាយឧស្សាហកម្ម ជំរុញឲ្យមានការវិនិយោគ លើឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធានដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវជាដើម សម្រាប់ធ្វើការកែច្នៃមិនត្រឹមតែ ទៅកាន់ទីផ្សារកម្ពុជាទេ ប៉ុន្តែទៅកាន់ទីផ្សារដទៃទៀត ដែលជាដៃគូរបស់កម្ពុជាទៀតផង ៕