ព័ត៌មានជាតិ

ជប៉ុន សង្ឃឹមថា កម្ពុជានឹងបន្តចូលរួម ក្នុងកិច្ចប្រឹងប្រែង ​ជួយ​មីយ៉ាន់ម៉ាស្វែងរក​សន្តិភាព

ភ្នំពេញ៖ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រី​ការបរទេសជប៉ុន បានសម្ដែងនូវក្ដីសង្ឃឹមថា កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែង ក្នុងការ​ជួយ​មីយ៉ាន់ម៉ាស្វែងរក​សន្តិភាព ស្ថិរភាព និង​ការ​វិលត្រឡប់មក​ប្រក្រតីភាពឡើងវិញ ។​

ការសម្ដែងក្ដីសង្ឃឹមរបស់ប្រមុខការទូតជប៉ុនបែបនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងអំឡុងពេលលោករដ្ឋមន្ត្រីការបរទេសកម្ពុជា ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញទស្សនកិច្ច ​ការងារផ្លូវការ​ នៅ​ប្រទេស​ជប៉ុន​ ពីថ្ងៃទី២១ ដល់ ២៤ ខែ​មករា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រីទាំងពីរ បានលើកឡើងពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា ដែលរដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពឲ្យមានការចាប់ផ្តើម ឡើងវិញនូវកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា​ ដែលត្រូវបានខកខានដោយសារជំងឺរាតត្បាតសកល ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្ស​ នៅប្រទេសជប៉ុន និងបានសម្តែងនូវការប្តេជ្ញាក្នុងការរក្សាខ្ជាប់នូវកិច្ចសន្ទនា ស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលមានស្រាប់រវាងប្រទេសទំាងពីរ។

ជាមួយគ្នានោះលោក ហាយ៉ាហ្ស៊ី បាន​បញ្ជាក់​សាជាថ្មីនូវការកោតសរសើរ និងអបអរសាទររបស់ជប៉ុន ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន​ឆ្នាំ​២០២២ ហើយក្នុងពេលនោះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែង​អំណរគុណចំពោះការចូលរួមរបស់ជប៉ុន និងបានថ្លែងពីការគំាទ្រយ៉ាងពេញលេញពីសំណាក់កម្ពុជា ចំពោះការ​រៀបចំ​កិច្ច​ប្រជុំ​កំពូលរំលឹកខួប ​អនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនង​មិត្តភាព និង​សហប្រតិបតិ្តការ​អាស៊ាន-ជប៉ុន​ ក្នុង​ឆ្នាំ២០២៣ នេះ។​

រដ្ឋមន្រ្តីការបរទេសទាំងពីរក៏​បាន​ផ្លាស់ប្តូរទស្សនៈគ្នា​លើបញ្ហា​នៅក្នុង​តំបន់ និង​អន្តរជាតិដែល​ជាកង្វល់​រួម​ ដូចជា ​សង្គ្រាមនៅអ៊ុយក្រែន និងសភាពការណ៍នៅឧបទ្វីបកូរ៉េ។ ចំពោះ​​​ស្ថានការណ៍នៅមីយ៉ាន់ម៉ា លោក ហាយ៉ាហ្ស៊ី ​បាន​បញ្ជាក់សាជាថ្មីនូវ ការកោតសរសើរយ៉ាងខ្លាំងរបស់ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ក្នុងការ​ជួយ​មីយ៉ាន់ម៉ាស្វែងរក​សន្តិភាព ស្ថិរភាព និង​ការ​វិលត្រឡប់មក​ប្រក្រតីភាពឡើងវិញ និងសង្ឃឹមថា​ «កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ» ។​

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​បញ្ជាក់សាជាថ្មី​ នូវ​ការគាំទ្រ​ឥតងាក រេរបស់កម្ពុជា ចំពោះជប៉ុ​ន ជា​​សមាជិក​អចិន្ត្រៃយ៍​​របស់​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ និងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការ​ពន្លឿន​​ឱ្យ ​មាន​ដំណោះ​ស្រាយឆាប់រហ័ស ​​លើបញ្ហាការ​ចាប់ពង្រត់​ជនជាតិជប៉ុនដោយកូរ៉េខាងជើង​ ។ លើសពីនេះឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន ​​ក៏បានសម្តែងការគាំទ្រ របស់កម្ពុជា ចំពោះគោលការណ៍សំខាន់បី នៃយុទ្ធសាស្ត្រសន្តិសុខជាតិជប៉ុន​ (NSS) ដែលផ្តោតលើវិភាគទានប្រកបដោយបុរេសកម្មដើម្បីសន្តិភាព គុណតម្លៃសកល និងសន្តិសហវិជ្ជមាន ព្រមទំាងវិបុលភាពរួមគ្នាជាមួយ នឹងបណ្តាប្រទេសនានាដទៃទៀត ៕

To Top