ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អះអាងច្បាស់ៗថា កម្ពុជា មិនបានបញ្ជូនកងទ័ព និងគ្រូដោះមីន ចូលទៅក្នុងប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់​ជាថ្មីបន្ថែម លើសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស ថាកម្ពុជា មិនបានបញ្ជូនកងទ័ព និងគ្រូដោះមីន ចូលទៅក្នុងប្រទេសអ៊ុយក្រែននោះទេ ។

ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើងបន្ទាប់ពី បណ្ដាញតេឡេក្រាម ឈ្មោះ «Demografiya upala» បានផ្សាយថា ប្រទេសកម្ពុជា បានផ្ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន ។ ហើយជុំវិញបញ្ហានេះ ក្រសួងការបរទេសខ្មែរ ក៏បានធ្វើការច្រានចោលទាំងស្រុង ដោយចាត់ទុកថា ការផ្សាយនេះមិនត្រឹមតែ មិនត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែធ្វើប៉ះពាល់ដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ដែលប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយការបរទេស អព្យាក្រឹតភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ៣២៣២នាក់ នាថ្ងៃទី២៦ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅមានអ្នកលើកឡើងថា កម្ពុជា បានផ្ដល់ជំនួយយោងធាឲ្យអ៊ុយក្រែន ខ្ញុំសូមយកឱកាសនេះ ធ្វើការបបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស កម្ពុជាមិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនទេ កម្ពុជាគ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនទេ ឯរឿងកម្ពុជា ជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ សូមកុំភាន់ច្រឡំ» ។

សម្ដេចតេជោបន្តថា កម្ពុជា បានបញ្ជូនកងទ័ពទៅធ្វើការដោះមីន នៅក្រៅប្រទេស រួមចំណែកការពារសន្តិភាព ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ ។ សម្ដេចថា ឥឡូវនេះកម្ពុជា មានកងទ័ពឈរជើង នៅប្រទេសចំនួន៤ (នៅម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្ដាល) ខណៈពីមុនមានតាំងពីនៅស៊ីរី ឆាន និងសាយប្រ៉ើសជាដើម ។

សម្ដេចតេជោ ក៏បានប្រកាសស្វាគមន៍ និងទទួលបង្រៀនដោះមីន ដល់គ្រប់បណ្ដាប្រទេសទាំងអស់ រាប់ទាំងរុស្ស៊ី ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាក់ កម្ពុជាមិនបានបញ្ជូនកងទ័ព ចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយក៏មិនបាន បញ្ជូនគ្រូដោះមីនរបស់យើង ចូលទៅក្នុងប្រទេសអ៊ុយក្រែនទេ ដូច្នេះអ្វីដែលយើងបានធ្វើនេះ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ» ។

សម្ដេចមានប្រសាសន៍ថា ការបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជាកិច្ចការដែលត្រូវធ្វើនៅគ្រប់ទីកន្លែងទាំងអស់ នៅលើពិភពលោកនេះ ។ សម្ដេចថា កម្ពុជា ប្រើពេល៣០ឆ្នាំហើយ ក្នុងការដោះមីន ប៉ុន្តែនៅដោះមិនទាន់អស់ទេ ។

សម្ដេចតេជោបន្ថែមថា សូមកុំឲ្យកម្ពុជាចូលពាក់ព័ន្ធ ជាមួយសកម្មភាពយោធានៅអ៊ុយក្រែន កម្ពុជាគ្មានសមត្ថភាពធ្វើបែបនោះទេ ប៉ុន្តែកិច្ចការមនុស្សធម៌ ទាក់ទងការកម្ចាត់ចោលគ្រាប់មីន គឺកម្ពុជាមានបទពិសោធជូចត់ ស្លាប់ និងពិការច្រើននាក់ណាស់ ដូច្នេះកម្ពុជា មិនអាចបើកភ្នែកមើល នូវសោកនាដកម្ម ដោយសារគ្រាប់មីន នៅតាមបណ្ដាប្រទេសនានាទេ ៕

To Top