ព័ត៌មានជាតិ

ពលរដ្ឋគ្មានការចាំបាច់ កុំធ្វើដំណើរឆ្លងកាត់ តំបន់កោះពេជ្រ នាំកកស្ទះចរាចរណ៍ ក្នុងពិធីអបអរ មរតកដំណឹងល្អ១០០ឆ្នាំ របស់ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា (EFC) នឹងរៀបចំពិធីអបអរសាទរ​ មរតកដំណឹងល្អ១០០ឆ្នាំ “១៩៣២-២០២៣” រយៈពេល២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨៖០០នាទី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ៣០.០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ​ ស្តីពីការរៀបចំអបអរសាទរមរតកដំណឹងល្អ ១០០ឆ្នាំ របស់ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា ផ្សព្វផ្សាយនាថ្ងៃទី២៦ មករានេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល២ថ្ងៃ នៃការប្រារព្ធពិធីខាងលើនេះ តំបន់មជ្ឈមដណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ងាចមានចរាចរមមាញឹកជាខ្លាំង ដោយសារមធ្យោបាយធ្វើដំណើររស់សមាជិក សមាជិកាដែលអញ្ចើញចូលរួម ដូចនេះ សូមបងប្អូនប្រជាពរលដ្ឋទាំងឡាយណា ពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់​តំបន់ប្រារព្ធពិធីឡើយ ចៀសវាងការកកស្ទះចរាចរណ៍កើតឡើង ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

To Top