ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំអភិបាលរាជធានី-ខេត្ដ ចាត់វិធានការរថយន្ដគិលានសង្គ្រោះគ្មានជំនាញ បច្ចេកទេស និងគ្មានការអនុញ្ញាត ពីក្រសួងកំពុងឈរជើងប្រចាំការ តាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅមូលដ្ឋានសុខាភិបាលឯកជន ។
យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឱ្យដឹងថា មួយរយៈកាលកន្លងមក ក្រសួងធ្លាប់ធ្វើសេចក្ដីណែនាំច្រើន លើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាត ឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះ របស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុ រថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះ បន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ ។
លោករដ្ឋមន្ដ្រី បញ្ជាក់ថា «ក្នុងន័យនេះ សូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការ ចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ ទាំងនោះ ទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយណា ដែលនៅតែបន្ដសហការជាមួយម្ចាស់ រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ» ។
លោករដ្ឋមន្ដ្រី ក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរ សុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវា រថយន្ដគិលានសង្គ្រោះ បម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនៗ ឱ្យបានកាត់តែប្រសើរឡើងថែមទៀត ដើម្បីចាត់វិធានការតាមការណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕