ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន បានស្នើអង់គ្លេស ជួយជ្រោមជ្រែង ដល់ដំណើរការវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជា ឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសថ្មី ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើង ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើង ល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យ ក្រសួងសាធារណការ សហការគ្នាជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាគម្រោងនេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូន កាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានា ដែលស្ថិតនៅតាមបណ្តោយផ្លូវ ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «ស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែង ដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជា ឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការ រីកចម្រើនថែមទៀត»។

ក្រៅពីការជជែកពិភាក្សាអំពី វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការដឹកជញ្ជូន តាមផ្លូវទឹក តាមទន្លេបាសាក់ ភ្ជាប់ទៅកាន់កំពង់ផែសមុទ្រ ក្នុងខេត្តកំពត ដើម្បីសម្រួល ដល់ការដឹកជញ្ជូន តាមផ្លូវទឹកឱ្យ កាន់តែមាន ភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយ ។ លោក បន្ដថា ប្រសិនបើគម្រោងនេះ សម្រេចបាន វានឹងក្លាយជាគម្រោង ប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជា ទាំងមូល នៅលើវិស័យដឹកជ្ជូន តាមផ្លូវទឹកផងដែរ។
ឆ្លៀតឱកាសនោះ លោកឯកអគ្គរាជទូត បានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែង ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា៕
