ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹង ពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា តាមការវិវត្តជាក់ស្តែង ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើន ឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យ បណ្តាខេត្ត នៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង ជាងសព្វមួយដង ដោយស៊ីតណ្ហភាព អប្បបរមានៅ បណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់១៤-១៦°C ។ រីឯបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាមានពី ១៧-២១°C។
ចំណែកនៅរាជធានីភ្នំពេញ ស៊ីតណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២0°C ។ បន្ទាប់ពីនោះ រហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ ។ ជាមួយគ្នានេះ ក្រសួងសូមអោយសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាព ធាតុអាកាសចុះត្រជាក់ ៕

