ភ្នំពេញ៖ លោក Byung-Kwan Kim ប្រធានសមាគមអ្នកនាំចូលកូរ៉េ នឹងជំរុញសមាជិក សមាគមអ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាព នាំចូលទំនិញកម្ពុជា មកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ។
ការបញ្ជាក់របស់ ប្រធានសមាគមអ្នកនាំចូលកូរ៉េបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការ របស់សមាគមអ្នកនាំចូលកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ជំនួបនេះដែរធ្វើឡើង ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។
នាឱកាសនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានលើកទឹកចិត្តសមាជិក សមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជានិងកូរ៉េ ជាសមាជិក ដែលរួមមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងក៏ដូចជាការការលើកទឹកចិត្តនានា នៅក្រោមច្បាប់ស្តីពីវិនិយោគថ្មី។
លោករដ្ឋមន្រ្តី បានផ្តោតសំខាន់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ បានផ្តល់ទីផ្សារអនុគ្រោះ និងលក្ខខណ្ឌអំណោយផល សម្រាប់ផលិតករ អ្នកនាំចេញ នាំចូល ទាំងកម្ពុជា និងកូរ៉េ ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ទៅវិញទៅមក កិច្ចព្រមព្រៀងទាំងនោះ ក៏នឹងដើរតួនាទីសំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ផងដែរ។
ជាការឆ្លើយតបប្រធានសមាគម អ្នកនាំចូលកូរ៉េ បានសម្តែងនូវទសុទិដ្ឋិនិយម ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកប្រធាន នឹងជំរុញសមាជិកសមាគម អ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញកម្ពុជាមកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ជាពិសេសទាញយកប្រយោជន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
ក្នុងកិច្ចប្រជុំនេះផងដែរ វិស័យឯកជនពាក់ព័ន្ធ នៃប្រទេសទាំងពីរ បានធ្វើណែនាំ ពីកម្មវត្ថុអាជីវកម្មរបស់ខ្លួន និងចែករំលែកទៅវិញទៅមក នូវព័ត៌មានពាណិជ្ជកម្ម ប្រតិបត្តិការអាជីវកម្ម និងវិស័យ/ទំនិញសក្កានុពល ដែលជាចំណាប់អារម្មណ៍ ដើម្បីសហការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ក៏ដូចជាការវិនិយោគ ក្នុងពេលខាងមុខ ៕