ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារសមាគមTYDA  ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំជាលើកទី៤ 

ភ្នំពេញ៖ នៅចុងសប្តាហ៍នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តំបែរ   ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារកម្លាំងស្ម័គ្រចិត្ត នៃសមាគមTYDA និងអជ្ញាធរ យុវជន និងផ្នែដែលពាក់ព័ន្ធផ្សេងទៀត។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ថានភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រក្រោយពីជំងឺកូវីដ-១៩ តាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រោះថាមានតែសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេស រហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ និងបានគិតគូរពីសុខទុក្ខ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូន ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌ ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។ 

សូមបញ្ជាក់ថា តាមរបាយការណ៍បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺបានចំនួនជិត ៤.០០០ នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្ត មានចំនួន ១០៥ ករណីដែលការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន៕

To Top