ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំឱ្យមន្ដ្រីក្រោមឱវាទ សិក្សាស្រាវជ្រាវបង្កើតច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អនីតិជន ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ រក្សារហូតដល់អាយុ ១៨ឆ្នាំ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានអំពាវនាដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន កុំដឹកលើសទម្ងន់ នាំឱ្យផ្លូវឆាប់ខូច ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សម្ដេច បញ្ជាក់ថា «ខ្ញុំ មើលព័ត៌មាននៅសហរដ្ឋអាមេរិក អ្នកបើកបរបង្កគ្រោះថ្នាក់ ទៅដល់រងទុក្ខជាអ្នកអនីតិជន អ្នកនោះឯង ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ ថែរក្សា រហូតដល់អាយុ ១៨ឆ្នាំ សូមឱ្យ ឯកឧត្តម-លោកជំទាវ ត្រូវស្រាវជ្រាវករណី ហើយក៏ជាជំនួយស្មារតីមួយដែរ ដើម្បីដាក់ទោស ឬក៏ដាស់តឿន ទៅដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។
នាឱកាសនោះ សម្ដេច បានលើកឡើងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២២ បានតម្រូវឱ្យធ្វើការត្រួតពិនិត្យឡើងវិញ នូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និង ដោះស្រាយបញ្ហាប្រឈម ឲ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៣។
សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២,៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧០៩នាក់ និងរបួសចំនួន ៤.០២៦នាក់ (របួសធ្ងន់ ២,៥៧៩នាក់)។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៧២នាក់ ខេត្តកណ្តាលចំនួន ១៥៧នាក់ និងខេត្តកំពង់ចាមចំនួន ១៣១នាក់។ មូលហេតុបណ្តាលឱ្យ មានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់ ៣៩% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១០% បត់៩% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ១%៕