ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការ ចំពោះមន្ដ្រីនគរបាល ដែលទារលុយពីប្រជាពលរដ្ឋបន្ថែម ក្រោយពួកគាត់ ទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ត្រឡប់មកវិញ ។
ក្នុងពិធីបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និង លើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានអំពាវនាវដល់សមត្ថកិច្ច ត្រូវចូលរួមដោះស្រាយ បញ្ហានានា ជូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវបំផុត។
សម្ដេច បញ្ជាក់ថា «សមត្ថកិច្ចផ្សេងទៀត ដែលមានការពាក់ព័ន្ធ សូមអំពាវនាវ និងចូលរួម ដើម្បីដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ។ ខ្ញុំ ចង់និយាយថា សមត្ថកិច្ច នគរបាល យកទៅកន្លែងប៉ុស្ដិ៍ នៅពេលដោះចប់ហើយ ទារយកឡាន ទារយកម៉ូតូ មិនបាន ត្រូវបង់លុយថែម អាហ្នឹងសូមឱ្យប្រយ័ត្ន កុំធ្វើបែបនេះ»។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានណែនាំដល់សមត្ថកិច្ច ត្រូវបន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព ស្របតាមតំបន់ភូមិសាស្ត្រ កន្លែងដែលកើតមានគ្រោះថ្នាក់ច្រើន ជាមួយនេះត្រូវយកចិត្តទុកលើអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង ដោយចាត់វិធានឱ្យបានម៉ឺងម៉ាត់ លើការពិន័យ ឬបញ្ចូនទៅតុលាការ ដោយគ្មានការលើកលែង។
សម្ដេច បន្ថែមថា គ្រោះថ្នាក់ទាំងនេះបានបង្កដោយ អ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយោគយល់ អាធ្យាស្រ័យ ហាក់បីដូចជាមិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិតអ្នកដទៃ។
នាឱកាសនោះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏បានរំពឹងថា នៅពេលច្បាប់ចរាចរណ៍ថ្មី ចូលជាធរមាននោះ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នឹងត្រូវកាត់បន្ថយ ព្រោះច្បាប់នេះបានកែសម្រួលថ្មីស្ទើរទាំងស្រុង ដើម្បីឱ្យសាកសមជាមួយស្ថានភាព ជាក់ស្ដែងនៅពេលបច្ចុប្បន្ន ។ សម្ដេច ថា ច្បាប់ថ្មីនេះ បានឆ្លងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់ហើយ។
សម្ដេច បញ្ជាក់បន្ថែមថា «ច្បាប់ថ្មីនេះ បានឆ្លងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់ហើយ យើងកំពុងបញ្ជូន ទៅក្រុមអក្សរសាស្ដ្រ ដើម្បីជួយមើលអក្ខរាវិរុទ្ធ ឱ្យបានច្បាស់លាស់ ។ ខ្ញុំសង្ឃឹមថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះដោយសារច្បាប់ចាស់ មានចំណុចមួយចំនួន អត់ស្រប ដូច្នេះខ្ញុំគិតថាអាចជួយបានច្រើន (កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍)» ៕