ព័ត៌មានជាតិ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ ប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ជាង ៣ពាន់នាក់ នៃសាកលវិទ្យាល័យស្វាយរៀង

 ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី ចំនួន ៣.១៨៩នាក់ នៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។

លោកស្រីបានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយការនឹករលឹក និង ការគិតគូរដល់ប្រជាពលរដ្ឋខ្មែរ គ្រប់បែបយ៉ាង ។ 

នៅក្នុងកម្មវិធីនោះផងដែរ លោកស្រីបានធ្វើការផ្សព្វផ្សាយ អំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ ២០២៣ ។  

លោកស្រីបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និង ប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវ ការអនុវត្តនយោបាយ ការបរទេសឯករាជ្យ និង គោលការណ៍នានា នៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញ នូវគោលនយោបាយដ៏ថ្មី ស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ វិស័យកសិកម្មនៅកម្ពុជា ។

លោកស្រីក៏បានស្នើឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមានប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ

១-ត្រូវបន្តការសិក្សាពេញមួយជីវិត
២-ត្រូវចូលរួមដោះស្រាយបញ្ហា សង្គមប្រកបដោយការទទួលខុសត្រូវ
៣-ត្រូវចូលរួមកសាងភាព ថ្លៃថ្នូរបស់សង្គម
៤-ត្រូវខិតខំចូលរួមបង្កើត ស្នាដៃថ្មីឱ្យសង្គមជាតិយើង
៥-ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត
៦-ត្រូវចេះតបស្នងគុណ

ក្នុងឱកាសនោះផងដែរ លោកស្រីក៏បាននាំយកថវិការបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សប្បុរសជន ចំនួន ១០លានរៀល និង ៦.០០០$ ប្រគល់ជូនដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដើម្បីចាត់ចែងក្នុងកម្មវិធី ។ ចំណែកឯ និស្សិតជ័យលាភី ៣.១៨៩អង្គ⁄នាក់ ក្នុង១អង្គ⁄នាក់ ទទួលបានថវិកា ២ម៉ឺនរៀល ៕

To Top