ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន ៩១ កន្លែង របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ជូនសិស្សានុសិស្សនៅក្នុងស្រុកខ្សាច់កណ្តាល ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល។
ពិធីនេះមានការចូលរួមពី លោក ប៊ុន ផេង អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល, អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក, ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ, គណៈកម្មាធិការគណបក្សស្រុក, នាយក នាយករង និងសិស្សចាប់អាហារូបករណ៍សរុបចំនួន ២២០ នាក់។
សិស្សដែលបានចូលរួមចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង នាពេលនេះ គឺមានចំនួន ៦៧ នាក់ ក្នុងនោះសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាលចំនួន ៣០ នាក់, វិទ្យាល័យ ហ៊ុន សែន ROTA ចំនួន ២៨ នាក់ និងវិទ្យាល័យព្រែកលួងចំនួន ០៩ នាក់។
លោកបណ្ឌិត កៅ ថាច បានពាំនាំនូវបណ្ដាំសាកសួរសុខទុក និងការនឹករលឹកពីសំណាក់ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ជូនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលឧត្តមអគ្គបណ្ឌិតសភាចារ្យ តែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដោយបានផ្តល់ជូននូវអាហារូបករណ៍ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ គឺបានផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១១០ កន្លែង និងថ្នាក់បរិញ្ញាបត្ររងចំនួន ៩១ សម្រាប់ស្រុកខ្សាច់កណ្តាល។ សូមបញ្ជាក់ផងដែរថា សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១១០ កន្លែង គឺបានធ្វើការចាប់ឆ្នោតរួចហើយ កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ។
លោកបណ្ឌិត កៅ ថាច ក៏បានណែនាំ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលបានចូលរួមចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ឱ្យបន្តការសិក្សាទៅមុខទៀត ដោយកំណត់គោលដៅសម្រាប់ការសិក្សាឱ្យបានច្បាស់លាស់ និងចាប់យកនូវមុខជំនាញបច្ចេកទេស ដែលកំពុងមានតម្រូវការច្រើន និងងាយស្រួលក្នុងការរកការងារធ្វើ។
ក្នុងឱ្យកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ៕