ព័ត៌មានជាតិ

គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅខេត្តកំពត នឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បើសិន គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត លេចចេញជារូបរាងហើយនោះ នឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ព្រមទាំងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍។

នាឱកាសអនុញ្ញាតឱ្យប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៣០ មករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡីងពីគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «គម្រោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះ វានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះ ផងដែរ»។

លើសពីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការអភិវឌ្ឍលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។ លោកទេសរដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាល ក៏មានគម្រោងនឹងកែប្រែមុខមាត់ ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះ។

នាឱកាសនោះ លោក Rajeev Kannan នាយកប្រតិបត្តិ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក បានថ្លែងបញ្ជាក់ថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុ សម្រាប់គម្រោងអភិវឌ្ឍន៍ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ជាមួយគ្នានេះដែរក្នុងប្រទេសកម្ពុជា SMBC កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្តនូវគម្រោងក្នុងការលើកម្ពស់ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របគ្នាជាមួយការជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតឱកាសនេះដែរ SMBC កំពុងស្វែករកឱកាស ក្នុងការវិនិយោគ ចំពោះបណ្ដាគម្រោងថ្មីៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺនៅក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។ ជាងនេះទៅទៀតមានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោតការចាប់អារម្មណ៍ជាខ្លាំង ក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ ៕

To Top