ព័ត៌មានជាតិ

លោក ឃ្លាំង ហួត បន្តបើកប្រតិបត្តិការ ឆែកឆេរហាងបញ្ចាំ នៅតំបន់ឃ្លាំងរំសេវ

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានាភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំកងកម្លាំងគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បើកប្រតិបត្តិការត្រួតពិនិត្យឃ្លាំងបញ្ចាំ នៅតំបន់ឃ្លាំងរំសេវ ស្ថិតនៅបណ្ដោយផ្លូវលេខ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានមានប្រសាសន៍ថា មិនមែនគ្រប់ទីតាំងកុងស៊ីបញ្ចាំ សុទ្ធតែអាក្រក់ទាំងអស់នោះទេ ហើយត្រូវបែកចែកជាពីរ ​ដោយក្នុងនោះយើងត្រូវលើកទឹកចិត្តចំពោះ ទីតាំងកន្លែងកុងស៊ីបញ្ជាំដែលស្របច្បាប់ និងកន្លែងខុសច្បាប់ គឺត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។

លោកបញ្ជាក់ថា «ទីតាំងកុងស៊ីបញ្ចាំខុសច្បាប់ គឺជាប្រភពដែលនាំឱ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ ដែលត្រូវតែចាត់វិធានការច្បាប់តឹងរឹង ដែលមិនអាចលើកលែងបាន»។

ពាក់ព័ន្ធទៅនឹងការប្រគល់ សម្ភារៈ (ម៉ូតូ រថយន្ត) ជូនជនរងគ្រោះ លោក ឃ្លាំង ហួត បានឱ្យដឹងថា ត្រូវទាមទារពេលវេលា និងត្រួតពិនិត្យ​ ឯកសារនិងមូលហេតុ ឱ្យបានច្បាស់លាស់ ទើបអាចប្រគល់ទៅឱ្យម្ចាស់ដើមវិញ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរង ក៏បានសំណូមពរឱ្យម្ចាស់ទីតាំង ចូលមកសហការ ជាមួយអាជ្ញាធរ ដើម្បីអនុវត្តន៍គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព (ការបង្រ្កាប គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់)៕

To Top