កំពង់ចាម ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) អមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៣ នេះ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកថ្នាក់កណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា បាទមានប្រសាសន៍ថា បច្ចុប្បន្ននេះ ស.ស.យ.ក. គឺជាអង្គការយុវជន ដ៏ធំមួយក្នុងចំណោមស្ថាប័នយុវជនដទៃទៀត ដែលមានរចនាសម្ព័ន្ធចាត់តាំង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ និងមានតំណាងក្រុមការងារ នៅតាមក្រសួង-ស្ថាប័នរដ្ឋនានាផងដែរ ។ ទន្ទឹមនឹងនេះ សមាជិក សមាជិកា ស.ស.យ.ក. យើងបានចូលរួម ចំណែកយ៉ាងផុសផុល ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម ចាប់ពីកម្រិតមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ដោយផ្តោតការ យកចិត្តទុកដាក់សំខាន់ លើការបង្កើតជាវេទិកាផ្សេងៗ សម្រាប់ផ្សារ ភ្ជាប់យុវជនដែលមានចិត្តគំនិត ឆន្ទៈ និងបេះដូង ក្នុងការចូលរួម និងតបស្នងត្រឡប់ ទៅសង្គមជាតិរបស់យើងវិញ ហើយអគារទីស្នាក់ការថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រ ជាមួយសកម្មភាព ទាំងឡាយ របស់យុវជនយើង។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ នៅកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក ខេត្តកំពង់ ចាម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញការងារសង្គម មនុស្សធម៌ និងការងារអប់រំ ក៏ដូចជាការបន្តលើក ស្ទួយសកម្មភាព ស.ស.យ.ក ឱ្យមានការទទួលស្គាល់ទាំង ក្នុងប្រទេសនិងក្រៅប្រទេស ។

លោក ហ៊ុន ម៉ានី បានមានជំនឿយ៉ាងមុតមាំថា អាគារស្នាក់ការ ស.ស.យ.ក នេះ និងក្លាយជាមជ្ឈមណ្ឌល ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ របស់យុវជន សំដៅធ្វើយ៉ាងណាបន្តលើកស្ទួយសកម្មភាពការងាររបស់ ស.ស.យ.ក ដើម្បីបញ្ជ្រាបចូល ទៅដល់ស្រទាប់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តកំពង់ចាមផ្ទាល់ និងបណ្ដាខេត្ត ជិតៗនេះ ។ ជាមួយគ្នានោះ លោក ក៏បានអំពាវនាវ ដល់សមាជិក សមាជិកា ចូលរួមសូមជួយថែរក្សាអាគារនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ ដល់យុវជនជំនាន់នេះ និងជំនាន់ក្រោយបន្តទៀត៕

