ព័ត៌មានជាតិ

សំណាងល្អ ជនរងគ្រោះ២នាក់ ក្នុងករណីលិចទូក នៅលម្ហសមុទ្រ ខេត្តព្រះសីហនុ រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត

ព្រះសីហនុ៖ ជនរងគ្រោះ២នាក់​ ដែលលិចទូកបាត់ខ្លួន ក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុង មកក្រុងព្រះសីហនុ សំណាងល្អ នៅមានជីវិតនៅឡើយ ក្រោយទូកលិចចាប់តាំងពីយប់ទៀបភ្លឺ ថ្ងៃ៣០ មករា ២០២៣ ជនរងគ្រោះទាំង២នាក់ បានប្រើពិដុងទឹកជរ័ បណ្តែតខ្លួនក្នុងក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែល ទើបត្រូវបានទូកនេសាទដូចគ្នា ប្រទះឃើញនិងជួយសង្គ្រោះ ពីសមុទ្រនៅចំណុចជិតកោះថាស។

ក្រោយទទួលដំណឹងថា ​ជនរងគ្រោះនៅមានជីវិត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប៊រ័ល្បឿនលឿន ទៅទទួលយកជនរងគ្រោះ នាំមកកាន់ដីគោក ក្នុងក្រុងព្រះសីហនុ ក្នុងនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកា ដល់ជនរងគ្រោះក្នុងម្នាក់មួយលានរៀលផងដែរ និងចេញថ្លៃព្យាបាលទាំងអស់ ដល់ជនរងគ្រោះទាំង២ ដែលមានរបួសស្លាកស្នាម ដោយសារតែខំប្រឹងតោង ឱបពិដុងទឹកបណ្តែតខ្លួន ក្នុងសមុទ្រច្រើនម៉ោង។

សូមបញ្ជាក់ថា ក្រោយទទួលដំណឹងពីករណីលិចទូក ហើយបាត់ខ្លួនមនុស្ស នៅលើទូក២នាក់ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប៊រ័ល្បឿនលឿន សហការជាមួយសមត្ថកិច្ច ចេញស្វែងរកក្នុងលម្ហសមុទ្រ ជាមួយនិងការប្រកាសឲ្យទូកនេសាទ ឬអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ប្រសិនបើប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមរាយការណ៍ និងសហការដើម្បីជួយសង្គ្រោះ។

ក្នុងនោះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានកោតសរសើរ និងថ្លែងអំណរគុណ សម្រាប់ការជួយសង្គ្រោះជនរងគ្រោះ ដែលលិចទូកនេះ តាមរយៈកិច្ចអន្តរាគមន៌ពីក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ សមត្ថកិច្ចអាជ្ញាធរពាក់ពន្ធ័ និងបងប្អូនអ្នកនេសាទដូចគ្នា ដែលស្វែងរកនិងជួយជនរងគ្រោះ បានជោគជយ័ ។

គួរឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ក្នុងហេតុការណ៍ខាងលើនេះ ទី១ឈ្មោះ​ នៅ​ គឹមយ៉េង​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ មុខរបរអ្នកបើកបរទូកនេសាទ​ មានស្រុកកំណើតនៅ​ខេត្តព្រៃវែង​ និងទី២-ឈ្មោះ អេង​ អឿន​ ភេទប្រុស​ អាយុ៤៤​ឆ្នាំ​ មុខរបរ​នេសាទ​ មានស្រុកកំណើតនៅខេត្តកែប​ បច្ចុប្បន្នស្នាក់នៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ជនរងគ្រោះបានបញ្ជាក់ថា​ មូលហេតុ​ដែលបណ្តាលឲ្យទូកលិច គឺមកពី​មានខ្យល់ធ្លាក់ខ្លាំង​ ទឹករលកធំៗ​ និងម៉ូទ័របូមទឹកខូច​ ទើបបណ្តាលឲ្យទូកលិច៕

To Top