ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយស្រុកកោះធំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ ក្នុងស្រុកធំ ខេត្តកណ្ដាល ខណៈអគារមន្ទីរពេទ្យនេះ សម្រេចការសាងសង់បានប្រមាណ ៨០.៥១%ហើយ។
សូមបញ្ជាក់ថា មន្ទីរពេទ្យនេះ សាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទាន របស់សប្បុរសជនក្នុង ស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ ១០លានដុល្លារអាមេរិក ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរ ពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែន ដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។
បន្ថែមពីលើនោះមន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមាន ទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេសចំពោះពលរដ្ឋអ្នក ស្រុកកោះធំលែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។
គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ។ មន្ទីរពេទ្យនេះ អាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ហើយបានចាប់ផ្តើមសាងសង់ពីខែមករា ឆ្នាំ២០២២ និងគ្រោងសម្រេចតាមផែនការ ឈានដល់ការសម្ពោធដាក់ដំណើការនាពេលឆាប់ៗខាងមុខនេះ៕