ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក Chardkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានប្ដេជ្ញារួមគ្នាបន្តកិច្ចសហការទប់ស្កាត់ និងបង្ក្រាបនូវអំពើជួញដូរ មនុស្សឆ្លងដែន។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Chardkiat ATTHAKOR បានកោតសរសើរ ចំពោះក្រសួងមហាផ្ទៃ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ ដូចជា ការរត់ពន្ធមនុស្សឆ្លងដែន ដែលក្នុងរយៈពេលកន្លងទៅនេះ បានទទួលនូវលទ្ធផល គួរឱ្យកត់សម្គាល់ ។

លោក បន្ដថា បញ្ហានេះ គឺជាបញ្ហាសម្រាប់តំបន់ ដែលត្រូវសហការគ្នា ដោះស្រាយ មិនមែនតែជាបញ្ហា របស់ប្រទេសណាមួយនោះទេ គឺភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានកិច្ច សហប្រតិបត្តិការ ជាមួយគ្នាជា ពិសេសរវាងអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហាឧក្រិដ្ឋកម្ម ឆ្លងដែននេះ។

នាឱកាសនោះ សម្ដេច ស ខេង និងលោកអគ្គរាជទូត បានផ្លាស់ប្ដូរ យោបល់គ្នា ទៅវិញ ទៅមក លើបញ្ហាមួយចំនួន ក្នុងស្មារតីធ្វើយ៉ាងណាសម្រួល ដល់ការចេញចូលឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ និងកិច្ចសហការ ក្នុងការឆ្លើយតបទៅនឹង គ្រោះមហន្តរាយនានា នៅតាមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ។

លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ ទៅលើការជួយគាំទ្រ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ និងបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវអំពើជួញដូរមនុស្សឆ្លងដែន ផងដែរ៕
