ភ្នំពេញ៖ លោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់ កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម (IFAD) បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីធនធានទឹកកម្ពុជា បានបង្កលក្ខណៈ និងផ្តល់ឱកាសដល់គណៈប្រតិភូ ដើម្បីធ្វើការកសាង នូវយុទ្ធសាស្រ្ត សម្រាប់កម្ពុជា ក្នុងវិស័យធនធានទឹក ។
ការថ្លែងអំណរគុណនេះធ្វើឡើង ក្នុងឱកាសលោកស្រី Jyotsna Puri ចូលជួបសម្តែងការគួសម ជាមួយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីធ្វើសេចក្តីរាយការណ៍ អំពីសហហិរញ្ញប្បទានរបស់ IFAD លើវិស័យធនធានទឹក និងឧតុនិយម ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី លឹម គានហោ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និង IFAD ក្នុងការបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលនេះជាលើកដំបូងសម្រាប់ IFAD ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះវិស័យធនធានទឹក និងឧតុនិយម ។
លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ ពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខ ក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម និងអំពីតម្រូវការឧបករណ៍ សម្ភារ ចាំបាច់មួយចំនួន ដូចជា ឧតុនិយម និងជលសាស្រ្ត ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈម ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានាបាននូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
លោកស្រី Jyotsna Puri ក៏បានបង្ហាញ អំពីសហហិរញ្ញប្បទានរបស់ IFAD ជាមួយនឹងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ក្នុងគម្រោងរបស់ក្រសួងធនធានទឹក ដែលមានឈ្មោះថា CAISAR ដែលគម្រោងនេះ នឹងត្រូវអនុវត្តន៍នៅក្នុងតំបន់ ប្រព័ន្ធធារាសាស្រ្តមួយចំនួនដូចជា ៖ តំបន់ប្រព័ន្ធធារាសាស្រ្តអូរតាប៉ោងតាណៃ ស្ថិតក្នុងខេត្តពោធិ៍សាត់, តំបន់ប្រព័ន្ធធារាសាស្រ្តលំហាច ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល ។
លោកស្រីក៏បានថ្លែងអំណរគុណ ដល់លោករដ្ឋមន្រ្តីបានបង្កលក្ខណៈ និងផ្តល់ឱកាសដល់គណៈប្រតិភូ ដើម្បីធ្វើការកសាងនូវយុទ្ធសាស្រ្ត សម្រាប់ប្រទេសកម្ពុជាក្នុងវិស័យធនធានទឹក និងឧតុនិយម ជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងប្រកបដោយចីរភាព ធ្វើការដោះស្រាយបានជាបណ្តើរៗ និងបានល្អប្រសើរលើសន្តិសុខទឹក សម្រាប់គ្រប់វិស័យប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។
លោកស្រីនិងគណៈប្រតិភូ នឹងបន្តចុះទៅធ្វើទស្សនកិច្ច លើប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ចាប់ពីស្រុកថ្ពង អមលាំង ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ប្រព័ន្ធធារាសាស្រ្តប្រាំបីមុំ រហូតដល់ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ៕