ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ មានសន្តិភាព ទើបមានឱកាស រកស៊ីទទួលទាន និងអភិវឌ្ឍន៍

ភ្នំពេញ៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ ក្នុងឱកាសទទួលស្គាល់សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុបចំនួន៣៥០នាក់ នារនៅថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបាន ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ ឲ្យបានគង់វង្ស។

លោក ឃួ​ង ស្រេង លើកឡើងថា ការចូលរួមរបស់បងប្អូនទាំងចំនួន៣៥០នាក់ ដែលបានមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបញ្ជាក់ឲ្យឃើញ ពីការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូន ក្នុងការថែរក្សាកេរតំណែលនិងសមិទ្ធផល របស់ដូនតាយើងពីមុនមក នោះគឺថែរក្សា ការពារសន្តិភាព ដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ចង់រកស៊ីទទួលទាន រៀនសូត្រ ចង់ធ្វើដំណើរទៅណាមកណាដោយសេរី មិនភ័យខ្លាចអ្វីទាំងអស់។

បន្ថែមពីនោះ លោក ឃួ​ង ស្រេង ក៏បានរំលឹកពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុលពត ដែលរស់នៅក្នុងភាពភ័យខ្លាច និងស្រេកឃ្លាននបំផុត និងបានលើកឡើងពីគុណបំណាច់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបដ៏ខ្មៅងងឹតមួយនេះ។ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយទៅបាន សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា មានតែប្រទេសមានសន្តិភាពទេ ទើបយើងអាចអភិវឌ្ឍន៍ប្រទេសជាតិរីកចំរើន ជឿនលឿនបាន ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្តេចតេជោ​លះបង់គ្រប់បែបយ៉ាង រហូតយកអំណាចដាក់លើជើងពាន បង្កើតឲ្យមានការបោះឆ្នោត ដោយសេរី ពហុបក្ស និងជាបន្តបន្ទាប់មកទៀត ដោយអនុវត្ត គោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច ទើបប្រទេសជាតិ មានសន្តិភាពពេញលេញ ដែលធ្វើអោយប្រទេសកម្ពុជា មានឱកាសក្នុងការកសាង អភិវឌ្ឍន៍ប្រទេស រីកចំរើនរុងរឿងមកដល់បច្ចុប្បន្ននេះ។

លោក ឃួង ស្រេង បានស្នើឲ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស រីកចំរើនរុងរឿងបន្ថែមទៀត៕

To Top