ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
យើងខ្ញុំពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវ ដែលនេះគឺជាការបាត់បង់នូវឧត្ដមភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក លោកជំទាវ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀតមរណភាពរបស់លោកជំទាវ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទាវបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕