ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ នឹងដាក់ឲ្យដំណើរការ​ សាកល្បង លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នឹងដាក់ឲ្យដំណើរការ សាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងយុត្តិធម៌ នាថ្ងៃទី៣ កុម្ភៈ បានបញ្ជាក់ថា ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តធម៌ បាននិងកំពុងធ្វើការអភិវឌ្ឍ សេវាព្រឹត្តិបត្រ ថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និង ភាពងាយស្រួល ជូនដល់សាធារណជន ដែលមានតម្រូវការ ស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយក្រសួង យុត្តិធម៌នឹងដាក់ឲ្យដំណើរការ សាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ» ។

ក្រសួង បន្ដថា ការដាក់ឲ្យដំណើរ ការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលនេះ នឹងផ្តល់ភាពងាយស្រួល ដល់សាធារណជន ដែលមានតម្រូវការ ស្នើសុំព្រឹត្តិបត្រថ្កោលទោស ឲ្យទទួលបាននូវព័ត៌មាន គ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជន អាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ តាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋាន កិច្ចការថ្កោលទោសជាមុន បន្ទាប់មកអតិថិជន គ្រាន់តែអញ្ជើញមកកាន់ នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច ។

ក្រសួង បន្ថែមថា ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រ ថ្កោលទោសឌីជីថលនេះ គឺតម្រូវឱ្យសាធារណជន ចូលទៅកាន់គេហទំព័រ របស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY_Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំ និងរបៀបប្រើប្រាស់ ដូចបានភ្ជាប់ជូននៅក្នុងកម្មវិធីនេះ។

ក្រសួងយុត្តិធម៌ បានឱ្យដឹងទៀតថា ទន្ទឹមនឹងការដាក់ ឲ្យដំណើរការសាកល្បងនេះ សាធារណជន នៅតែអាចអញ្ជើញមកបំពេញបែបបទ ស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋាន កិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ៕

To Top