ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយម បន្តធ្វើសកម្មភាពញុះញង់ អុចអាល ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិរភាពក្នុងសង្គម ដើម្បីបម្រើមហិច្ចតាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣សម្ដេច ស ខេង មានប្រសាសន៍ថា “ទន្ទឹមគ្នានឹងបញ្ហាប្រឈមនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅក្នុងប្រទេសឯណេះវិញ ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តធ្វើសកម្មភាពញ៉ុះញង់ អុចអាល បំប៉ោង បំភ្លៃការពិតក្នុងសង្គម ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិតរភាពក្នុងសង្គម ដើម្បីបម្រើមហិច្ចតា ផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។
សម្ដេច បន្តថា ទោះបីមានការប្រឈមទាំងក្រៅ និងក្នុងប្រទេសដូចលើកឡើង រាជរដ្ឋាភិបាលកម្ពុជា បានបន្តរក្សាបានសុខសន្តិភាព និងស្ថិរភាពជាតិ សម្រេចបានវឌ្ឍនភាព ការងារជាតិជាច្រើន ដូចជា ការគ្រប់គ្រងជំងឺកូវីដ-១៩ ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម ឡើងវិញ ការរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងការដាក់ចេញគោលនយោបាយ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដោយសារវិបត្តិកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមខាងក្រៅ ប្រទេសជាដើ ។
នាឱកាសនោះ សម្ដេច ស ខេង បានបង្ហាញក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង គណៈកម្មាធិការ គណបក្សខេត្តព្រៃវែង និងបណ្ដាយន្តការគណបក្សផ្សេងទៀត នឹងបន្តរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីចូលរួមធានាស្ថិរភាពសង្គម ពិសេសខិតខំធ្វើយ៉ាងណា សម្រេចឱ្យបានជោគជ័យជាបន្តទៀត ការបោះឆ្នោតឆ្នាំ២០២៣ និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាដើម ៕