ព័ត៌មានជាតិ

តំណាងគណបក្សភ្លើងទៀន ចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា

ភ្នំពេញ ៖ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាត់តំណាង គណបក្សភ្លើងទៀន ទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាប្អូនថ្លៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងពេលមកដល់គេហដ្ឋាននៃសព សម្តេចតេជោក៏បានចេញ មកស្វាគមន៍ទទួលរាក់ទាក់ ក្នុងកាយវិការស្និតស្នាលផងដែរ។

តាមរយៈរូបភាព៣សន្លឹក បង្ហោះក្នុងផេកហ្វេសប៊ុកគណបក្សភ្លើងទៀន បានបង្ហាញពីសកម្មភាពសម្តេចតេជោ ចេញមកទទួលយ៉ាងរាក់ទាក់។

ក្នុងពេលលោកស្រី ប៊ុន សុថា ទទួលមរណភាពភ្លាម នាវេលាម៉ោង ៦និង១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ គណបក្សភ្លើងទៀនក៏បានចេញសាររំលែកទុក្ខផងដែរ។

ការផ្ញើសាររំលែកទុក្ខពីគណបក្សក្រៅរដ្ឋាភិបាលនេះ បានបង្ហាញពីសមានចិត្តចំពោះក្រុមគ្រួសារ នៃសពដែលបាន បាត់បង់មនុស្សជាទីស្រឡាញ់នៃគ្រួសារសម្តេចតេជោ ដោយមិនឆ្លៀតឱកាសវាយប្រហារ ដោយសំដីអាក្រក់ដូច ក្រុមមនុស្សរបស់អតីតមេបក្សប្រឆាំងនៅក្រៅប្រទេស ព្រោះជារឿយៗសម្តេចតេជោបាន លើកឡើងថា គ្មានអស់អ្វីនោះទេ គ្រាន់តែការផ្ញើសាររំលែកទុក្ខ និងសារអបអរសាទរដល់ជ័យជំនះ អ្វីមួយពីសំណាក់គណបក្សប្រឆាំង៕

To Top