ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានរដ្ឋមន្រ្តី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច ។
ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាង ប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និង កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហា ដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការ មួយចំនួនផងដែរ។
ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាព ដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ ៕