ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ទទួលយកការវិនិយោគ ពីវិស័យឯកជន ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូន កម្ពុជា

ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាល ទទួលយកការវិនិយោគពីវិស័យឯកជន ឬការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា។

ក្នុងជំនួបពិការងារលើកទី២ ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក តូច ចាន់កុសល បានបង្ហាញនូវគម្រោងសិក្សាមួយចំនួនដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការប្រចាំការ បានបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកការវិនិយោគពីវិស័យឯកជន ឬការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតថែមទៀត។

ទន្ទឹមជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនរៀបចំឱ្យបានលម្អិតបន្ថែមទៀតទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង“កន្រ្តកខ្សែកាប” (Cable Car) របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថ្មីៗដែលក្រសួង បានផ្ដល់ជូនរួចមក ដើម្បីគោរពស្នើសុំឯកឧត្តមទេសរដ្ឋមន្រ្តី ពិនិត្យសម្រេចលើគម្រោងការសិក្សាដែលក្រុមហ៊ុនបានលើកឡើង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនមួយរបស់ប្រទេសអូទ្រីស មានជំនាញរៀបចំផែនការអភិវឌ្ឍន៍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិតទាក់ទងនឹងការដឹកជញ្ជូនអ្នកដំណើរដោយកន្រ្តកខ្សែកាប (Cable Car) ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ នៅក្នុងតំបន់ ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។ ក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការ វិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

To Top