ភ្នំពេញ៖ ក្នុងពិធីទទួលស្វាគមន៍ ភ្ញៀវទេសចរចិន១២៥នាក់ មកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្ដេជ្ញាថានឹងប្រឹងប្រែងទាក់ ទាញភ្ញៀវទេសចរចិនឲ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ។
ការទទួលស្វាគមន៍ទេសចរចិនទាំង១២៥នាក់នាពេលនេះ ដោយសារជាជើងហោះហើរ ពីប៉េកាំងមកភ្នំពេញឡើង វិញលើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឲ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។
នាឱកាសនោះ លោក ថោង ខុន បានឲ្យដឹងថា ភ្ញៀវទេសចរចិនដែលចុះមកនេះ មានចំនួន១២៥នាក់ អ្នកខ្លះមកដើរលេង តាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។
រដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញ ភ្ញៀវទេសចរចិនឲ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុង វិស័យ ទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ បានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក។
រដ្ឋមន្ត្រី ថោង ខុន បន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួន មីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ លោករដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជា នឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។
គួរជម្រាបថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មាន ទេសចរចិន ប្រមាណ២៥,០០០នាក់ដែរ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូច គ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប១,៦៤៨ជើង ក្នុងនោះអាកាស យានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង ៕