ព័ត៌មានជាតិ

កម្ពុជា បញ្ជូនកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រUN ជិត៩ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០០៦

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ននេះ កម្ពុជា បានបញ្ជូនកងកម្លាំងចូលរួម បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ចំនួន ៨៨៥៩នាក់ ទៅកាន់បេសកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ ។

ក្នុងកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងថា «ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កម្លាំងកម្ពុជាសរុបចំនួន ៨៨៥៩នាក់ ក្នុងនោះ នារីមានចំនួន ៦៨១នាក់ ទៅកាន់បេសកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្ដាល លីបង់ សាយប្រឹស យេមែន ឆាត ស៊ីរី និងម៉ាលី។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះ នារីមានចំនួន ១៣០នាក់ កំពុងបំពេញបេសកម្មនៅស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្រ្វិកណ្ដាល»។

លោកបន្តថា ជាមួយគ្នានេះ UN ក៏បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនកងកម្លាំងជាមន្រ្តីជំនាញពន្ធនាគារចំនួន៤០រូបចូលរួមបំពេញបេសកម្មរក្សាសន្តិភាព ហើយរាជរដ្ឋាភិបាលក៏បានចារឯកភាពផងដែរ។

នាយឧត្តមសេនីយ៍បន្ដថា កម្រិតប្រាក់ខែមន្រ្តីជំនាញពន្ធនាគារនៅ UN មានប្រមាណ៥ពាន់ដុល្លារក្នុងមួយខែ។ ក្នុងករណីមន្រ្តីជំនាញណាមួយត្រូវពលី ក្នុងអំឡុងពេលបំពេញបេសកម្មនេះ ក្រុមគ្រួសារនឹងទទួលបានថវិកា ប្រមាណ៨ម៉ឺនដុល្លារ៕

To Top