ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ ភាពជោគជ័យ របស់រដ្ឋបាលរាជធានីភ្នំពេញ បានមកពីការលះបង់របស់មន្ត្រី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសប្រកាសភារកិច្ច និងតែងតាំងមន្ត្រីរដ្ឋបាល រាជធានីភ្នំពេញចំនួន២៤រូប នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ភាពជោគជ័យ របស់រដ្ឋបាលរាជធានីភ្នំពេញ បានមកពីការលះបង់របស់ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានី។

ជាមួយនឹងការកោតសរសើរនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏មិនភ្លេចថ្លែងអំណរគុណ ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានបំពេញការងារបានជោគជ័យ ក្នុងតួនាទីនិងភារកិច្ចរបស់ខ្លួន ពិសេសការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ច ប្រទេសឲ្យប្រក្រតីឡើងវិញ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ភាពជោគជ័យ ទៅលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ គឺពិតជាផ្ដើមចេញមកពីមន្ត្រី និងប្រជាពលរដ្ឋដែលជឿជាក់យ៉ាងមុតមាំ ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងការពារ ។ លោកថា ចំណុចនេះហើយ បានបង្កើតឲ្យមានភាពជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋ រហូតប្រជាពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដគ្រប់គ្នានិងគ្រប់ដូស ដែលបានធ្វើឲ្យវិធានការទប់ស្កាត់ ការរាតត្បាតជំងឺដ៏សាហាវនេះ ទទួលបានជោគជ័យ និងធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក ។

គួរបញ្ជាក់ថា ក្នុងការប្រកាសផ្ទេរ ភារកិច្ចនិងតែងតាំង មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២៤រូបខាងលើនេះ គឺត្រូវផ្ទេរភារកិច្ចមន្ត្រី១រូប ជាមួយការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន២៣ រូបថែមទៀត ។ក្នុងនោះ ត្រូវបានតែងតាំង ជានាយិការង ជានាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ , ជានាយកទីចាត់ការ ប្រធាន អនុប្រធានការិយាល័យផងដែរ៕

To Top