ព័ត៌មានជាតិ

នគរបាលជាតិ សំណូមពរពលរដ្ឋ បន្តគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសំណូម ពរដល់ប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ខណៈរយៈពេល ១០ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយ ៦២ភាគរយ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបំពេញ តួនាទីភារកិច្ចរឹតបន្តឹង ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសហការ បំពេញកិច្ចការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកយ៉ាងសកម្ម ដូចជាការផ្សព្វផ្សាយអប់រំច្បាប់ ការងារសង្គ្រោះបន្ទាន់ជាដើម ទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមចំណែកកាត់បន្ថយអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៤,៥៦១នាក់ ស្មើនឹង៦២% នៃផែនការជាតិ ទស្សវត្សរ៍សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដែលបានធៀប ជាមួយចំនួនប្រជាជន និងចំនួនយានយន្ត។

អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដថា ទន្ទឹមនឹងរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការរឹតបន្តឹងអនុវត្តច្បាប់ បានជំរុញលើកកម្ពស់ស្មារតី គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រៀបចំឲ្យកាន់តែប្រសើរឡើង នូវសណ្តាប់ធ្នាប់ចរាចរណ៍ ឲ្យបានសមស្របតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ និងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា «សំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មានការយោគយល់អាធ្យាស្រ័យ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នគ្រប់ពេល គ្រប់ទីកន្លែង ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ»។

លើសពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានស្វាគមន៍ ទទួលនូវការចូលរួមមតិយោបល់ ក្នុងន័យស្ថាបនា និងបំបាត់អំពើអសកម្ម ដើម្បីកសាងកងកម្លាំងប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សំដៅធានាសម្រេចភារកិច្ចរក្សា សុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងសង្គមជាតិរបស់កម្ពុជា ៕

To Top