ព័ត៌មានជាតិ

ចិន សន្យាជួយគាំទ្រនគរបាលជាតិកម្ពុជា ក្នុងកិច្ចការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម

ភ្នំពេញ​ ៖​ ចិន​ បានសន្យាជួយគាំទ្រនគរបាលជាតិកម្ពុជា ក្នុងកិច្ចការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម ជាពិសេសកិច្ចការការពារព្រឹត្តិការណ៍ធំៗ ព្រមទាំងការបោះឆ្នោតថ្នាក់ជាតិផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាពេលថ្មីៗនេះ​ លោក លី ស៊ាងមីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា​ បានថ្លែងគាំទ្រចំពោះការចង្អុលដឹកនាំរបស់ អគ្គស្នងការនគរបាលជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរកម្ពុជា-ចិន។

លោក​ បានបញ្ជាក់ថា​ “ជាមួយគ្នានោះផងដែរ ភាគីចិនក៏សន្យាជួយគាំទ្រនគរបាលជាតិកម្ពុជា ក្នុងកិច្ចការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម ជាពិសេសកិច្ចការការពារព្រឹត្តិការណ៍ធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដូចជា ការប្រកួតកីឡា SEA GAMES លើកទី៣២ និងកីឡាជនពិការ ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ និងការបោះឆ្នោតជាតិ ព្រមទាំងជំរុញការសាងសង់ទីបញ្ជាការអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យបានចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ”។

នាឱកាសនោះ​ នាយឧត្តមសេនីយ៍​ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់អំពីការរីកចម្រើនក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានាក្នុងពេលកន្លងមក ដែលភាគីចិន និងកម្ពុជាសហការគ្នាបានល្អក្នុងការកាត់បន្ថយបទល្មើសបានយ៉ាងច្រើន ជាពិសេសបទល្មើសហ្គេមអនឡាញ។

លេីសពីនេះ​ ភាគីទាំងពីរ​ ក៏បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យយកាន់តែប្រសើរថែមទៀត ក្នុងវិស័យប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការស្របតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន៕

To Top