ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន អញ្ជើញសំណេះសំណាល ជាមួយបុគ្គលិកបម្រើការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ៥៦៨នាក់ នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល ជាមួយ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មេការ នៃខេត្តស្វាយរៀង សរុបចំនួន ៥៦៨នាក់ នៅមន្ទីរគណបក្សខេត្តស្វាយរៀង នារសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តី នឹករឭកពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គ ពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុក ដាក់គ្រប់បែបយ៉ាង ជាពិសេស បុគ្គលិកបម្រើការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអញ្ជើចូលរួមក្នុងថ្ងៃនេះ ។

លោកស្រីបានបន្ថែមទៀតថា បច្ចុប្បន្ននេះប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដោះស្រាយ វិបត្តិជាប់គាំង ក្នុងបរិការណ៍កូវីដ- ១៩  ដោយបានស្វះស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ និងឥតគិតពីនិន្នាការ នយោបាយ តាមរយៈយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” បានផ្ដល់ការ ឧបត្ថម្ភជាសម្ភារៈនិងថវិកាជូន ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។  

ជាមួយគ្នាលោកស្រី បានបន្ថែមថា ក្នុងអំឡុងពេលកូវីដនេះដែររាជរដ្ឋាភិបាល បានដាក់ ចេញជាយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារស្ថានភាព សេដ្ឋកិច្ចប្រទេសជាតិ រហូតដល់បើកប្រទេសឡើងវិញ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តរទេសចរណ៍ មានការងើបឡើងបន្តិច ក្នុងនោះក៏មានបងប្អូនបុគ្គលិកមួយចំនួន បាននឹងកំពុងបម្រើការ នៅក្នុងវិស័យទាំងនោះផងដែរ ហេីយអ្នកបម្រេីសេវាក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពេលនេះក៏មានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាលផងដែរ​ ។

សូមបញ្ជាក់ថា លោកស្រី កិត្តិសង្គហបណ្ឌិត​ ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ បុគ្គលិកបម្រើការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន  ៥៦៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ៨ម៉ឺនរៀល៕

To Top