ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផល ក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋម និងអនុវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនគ្រួសារអតីតយុទ្ធជនយ៉ាងច្រើនកុះករ។
អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលត្រូវផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ និងត្រីខ០១យួរ។
ដោយឡែកលោកគ្រូអ្នកគ្រូ ចំនួន៥រូប និងក្រុមគ្រូពេទ្យប្រចាំការ ចំនួន១១រូប ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល៕