ព័ត៌មានជាតិ

កម្ពុជា ស្ថិតក្នុងចំណោមប្រទេស មានអត្រាពន្ធលើថ្នាំជក់ទាបជាងគេ នៅតំបន់អាស៊ាន

ភ្នំពេញ ៖ តាមការសិក្សាមួយ របស់សាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញថា តំលៃបារីជាមធ្យម មិនមានការប្រែប្រួលនោះទេ ក្នុងរយៈពេល៧ឆ្នាំ កន្លងមកទៅ កត្តានេះ ធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស មានពន្ធលើថ្នាំជក់តិចជាងគេ នៅតំបន់អាស៊ាន។

តាមការសិក្សាមួយទៀត របស់សាកលវិទ្យាជាតិ មានជ័យ បានចុះផ្សាយកាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាច្រើន លើសលប់រហូតដល់៩៤% ចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធថ្នាំជក់ឲ្យបានខ្ពស់ ដូចប្រទេសជិតខាងរបស់កម្ពុជាដែរ។ ប៉ុន្តែឧស្សាហកម្មថ្នាំជក់ និងអ្នកពាក់ព័ន្ធនឹងផលប្រយោជន៍នៃជំនួញថ្នាំជក់ តែងតែរិះរកគ្រប់មធ្យោបាយដើម្បីរារាំងការដំឡើងពន្ធថ្នាំជក់ ដោយលើកជាមតិបំភាន់ខុសពីការពិតថា ការដំឡើងពន្ធថ្នាំជក់ នឹងនាំឲ្យរដ្ឋខាត់បង់ចំណូលពន្ធ ឬនាំឲ្យមានការគេចពន្ធបារីជាដើម បើតាមការបោះពុម្ភផ្សាយរបស់អង្គការសុខភាពពិភពលោក។

សូមរលឹកថា អង្គការសុខភាពពិភពលោក បានតម្រូវឲ្យរដ្ឋជាភាគីដំឡើងពន្ធថ្នាំជក់ឲ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីឲ្យអត្រាពន្ធថ្នាំជក់ឡើងដល់៧៥% នៃតំលៃលក់រាយ ប៉ុន្តែកម្ពុជាមានអត្រាពន្ធលើថ្នាំជក់តែ២៥% នៃតំលៃលក់រាយចំពោះបារីផលិតផលក្នុងស្រុក និង៣១%ចំពោះបារីនាំចូល ខណៈបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ មានអត្រាពន្ធថ្នាំជក់ខ្ពស់រហូតដល់៧៥%ឬប្រហាក់ប្រហែល។

អង្គការសុខភាពពិភពលោក បញ្ជាក់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឲ្យរដ្ឋាភិបាលទទួលបានចំណូលពន្ធយ៉ាងច្រើន និងកាត់បន្ថយចំនួនអ្នកស្លាប់ ឈឺ និងពិការ ដោយសារថ្នាំជក់។ ស្របគ្នានេះ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បានបង្ហាញលទ្ធផលនៃការវិភាគមួយដោយបញ្ជាក់ថា ដោយសារខកខានមិនបានដំឡើងពន្ធថ្នាំជក់ តាមផែនទីបង្ហាញផ្លូវរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៨ កម្ពុជាខាតបង់ចំណូលពន្ធប្រមាណ១៣០លានដុល្លារ ស្មើនឹង០,៥%នៃGDPរបស់កម្ពុជា នៅឆ្នាំ២០២០។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការជក់បារីបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាចំនួន១៥ ០០០នាក់ស្លាប់ ដោយសារជំងឺនាំមុខទាំង៥ រួមមាន ៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់៕

To Top