ភ្នំពេញ ៖ ផេកហ្វេសប៊ុករបស់ស្ថានទូតតួកគីប្រចាំនៅកម្ពុជា នាថ្ងៃ៨កុម្ភៈ បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ពលរដ្ឋតួកគី ក៏ដូចជាពលរដ្ឋបរទេសនានាដែលជាមិត្តភក្តិរបស់កម្ពុជាចង់បរិច្ចាគជាកញ្ចប់ជំនួយផ្សេងៗ អាចយកមកកាន់ស្ថានទូត ដើម្បីជួយដល់ប្រជាពលរដ្ឋតួកគីដែលកំពុងជួបគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លា។
ចំពោះអ្នកចង់ជួយអាចយកមកកាន់នៅទូតតាមរយៈ អាសយដ្ឋាន៖ផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាតចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងអំឡុងពេលម៉ោងធ្វើការ។
ក្នុងពេលប្រកាសរកជំនួយនេះ ទូតក៏បានបើកសៀវភៅរំលែកទុក្ខដល់មិត្តភ័ក្តិរបស់នៅកម្ពុជា និងពលរដ្ឋតួកគីដែលចង់សរសេរសាររំលែកទុក្ខ អាចមកកាន់ស្ថានទូតផងដែរនៅថ្ងៃ ១០ កុម្ភៈនេះ។
ចំពោះការផ្តល់ជំនួយនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីភ្លាមៗ ក្នុងនាមជាមិត្តភក្តិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឧបត្ថម្ភ១០ម៉ឺនដុល្លារជួយតួកគីផងដែរ ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះរញ្ជួយដីក្នុងកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកគី និងប្រទេសស៊ីរីនាថ្ងៃ៦ កុម្ភៈមក គិតមកដល់ពេលនេះមានអ្នកស្លាប់កើនលើសពី១២០០០នាក់ ។ ចំពោះឱកាសក្នុងការស្វែងរកអ្នករស់រាន មានជីវិតបន្ថែមទៀតកាន់តែតិច ព្រោះអាកាសធាតុត្រជាក់ខ្លាំង ។ ក្នុងនោះអ្នករងរបួសវិញបានកើនឡើងដល់ ៣១៧៧៧នាក់ ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក៏បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល៣ខែ នៅក្នុងខេត្តចំនួន ១០ របស់ប្រទេសដែលរងគ្រោះដោយការរញ្ជួយដី៕