ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឱ្យដឹងថាក្នុងជំនួបនោះ លោក លី ជានស៊ូ មានប្រសាសន៍សំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។
សម្តេចតេជោមានប្រសាសន៍ថា កាលពី៣ឆ្នាំមុនគឺនៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២០ សម្តេចបាន បំពេញទស្សនកិច្ចរដ្ឋធានីប៉េកាំង ស្របពេលនៃការផ្ទុះរីករាលដាល នៃជំងឺកូវីដ១៩យ៉ាងខ្លាំង ក្នុងប្រទេសចិន។
សម្តេចតេជោបន្តថា សម្តេចអញ្ជើញទៅកាន់ប្រទេសចិននៅពេលនោះ គឺដើម្បីគាំទ្រនិងជួយដល់ប្រជាជនចិន ពោលគឺយើងមិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសារគ្នា ក្នុងពេលមានទុក្ខលំបាកដូចគ្នា និងម៉្យាងវិញទៀត គឺដើម្បីលើកទឹកចិត្ត ដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជា ដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា។
ក្នុងជំនួបសំដែង ការគួរសមនោះដែរ សម្តេចតេជោ និងប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា ចិន ពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕